
ភ្នំពេញ: រោងចក្រអគ្គិសនីធ្យូងថ្ម ដែលមានលទ្ធភាព ផលិតថាមពលបាន ២៧០ មេហ្គាវ៉ាត់ នៅក្រុងព្រះសីហនុ ត្រូវបានសង់ជំនួសវារីអគ្គិសនី ជាយអារ៉ែង ដែលបានផ្អាកគម្រោងទៅវិញនោះ។
លោកស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល បានថ្លែងនៅក្នុងឱកាសបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និង ទិសដៅការងារឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិនសីកម្ពុជាកាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ថា ដើម្បីជួយរក្សាលំនឹងនៃការផ្គត់ផ្គង់អគ្គិសនីនៅភ្នំពេញបានល្អ ជៀសវាងការរអាក់រអួលយើងត្រូវធ្វើការសាងសង់រោងចក្រអគ្គិសនីយ៉ាងយោច ២០០មេហ្គាវ៉ាត់នៅជិតឬនៅក្នុងទីក្រុងភ្នំពេញ ក្នុងរង្វង់ឆ្នាំ២០១៩-២០២០ ដើម្បីជំនួសគម្រោងវារីអគ្គិសនីអារ៉ែងដែលត្រូវបានផ្អាក។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ក្រសួងរ៉ែនិងថាមពលបានឲ្យក្រុមហ៊ុនសិក្សា មកពីប្រទេសស្វីសធ្វើការសិក្សសមិទ្ធលទ្ធភាព នៃគម្រោងដើម្បីត្រៀម សាងសង់រោងចក្រអគ្គិសនី ២០០មេហ្គាវ៉ាត់នៅក្បែររាជធានីភ្នំពេញ ។ ប៉ុន្តែលទ្ធផលបានបង្ហាញថា ការសាងសរោងចក្រអគ្គិសនី២០០មេហ្គាវ៉ាត់ នៅក្បែរភ្នំពេញមានបញ្ហាច្រើនដូចជា បញ្ហាបរិស្ថាននៃរាជធានីភ្នំពេញ ដោយសាររោងចក្រ ត្រូវបានប្រើប្រេង ឬធ្យូងថ្មដើម្បីផលិតអគ្គិសនី។ បញ្ហាដឹកជញ្ជូនឥន្ទនៈ តាមទន្លេមេគង្គដែលត្រូវឆ្លងកាត់ប្រទេសវៀតណាម។ បញ្ហាថ្លៃសាងសង់ និងថ្លៃផលិតអគ្គិសនីខ្ពស់ ដែលអាចធ្វើឲ្យថ្លៃលក់ អគ្គិសនីនៅកម្ពុជា កើនឡើងនៅពេលអនាគត។
ក្រុមហ៊ុនសិក្សាមកពីប្រសទេសស្វីស បានផ្តល់យោបល់ថា ក្នុងករណីដែលរោងចក្រអគ្គិសនីមិនអាចសាងសង់នៅក្បែរភ្នំពេញបាន កម្ពុជាមានតែបន្តសាងសង់រោងចក្រផលិតអគ្គិសនីធ្យូងថ្មបន្ថែម នៅក្រុងព្រះសីហនុប៉ុណ្ណោះ ។ ប៉ុន្តែដើម្បីអាចធ្វើទៅបាន ត្រូវកែសម្រួលគម្រោងវិនិយោគសាង់សង់បណ្តាញបញ្ជូន២៣០គីឡូវ៉ុល ភ្នំពេញ-ព្រះសីហនុ ដែលទើបចាប់ផ្តើមសាងសង់នោះ ឲ្យទៅជាគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន៥០០គីឡូវ៉ុលវិញ ដែលមានសមត្ថភាពបញ្ជូនប្រភពអគ្គិសនី និង មានសមត្ថភាពរក្សាលំនឹង នៃប្រពន្ធ័លើសពីខ្សែ២៣០គីឡូវ៉ុល ចំនួន៤ដងទើបអាចដោះស្រាយបញ្ហាយោល់តង់ស្យុងនិងបញ្ហាលំនឹងនៃប្រពន្ធ័អគ្គិសនីនៅភ្នំពេញបាន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥឡូវនេះ គណៈកម្មការអន្តរក្រសួង ដែលមានក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានបញ្ចប់ការចរចារ និងរៀបចំកិច្ចព្រមព្រៀងវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍតាម ការផ្តល់យោបល់ របស់ក្រុមហ៊ុនមកពីស្វីស ។
នៅដើមឆ្នាំ ២០១៧យើង នឹងដាក់ឲ្យដំណើរការ ម៉ាស៊ីនផលិតអគ្គិសនីពីធ្យូងថ្ម ទំហំ ១៣៥ មេហ្គាវ៉ាត់ ដែលបានសាងសង់ និងតម្លើងរួចរាល់នៅ ខេត្តព្រះសីហនុ និងនៅឆ្នាំ២០១៩ យើងគ្រោងដាក់ឲ្យដំណើរការ ម៉ាស៊ីនផលិតអគ្គិសនីពីធ្យូងថ្មទំហំ ១៣៥ មេហ្គាវ៉ាត់បន្ថែមមួយគ្រឿងទៀត ជំនួសគម្រោងវារីអគ្គិសនីជាយអារ៉ែង ដែលត្រូវបានផ្អាក ជាមួយនេះ គម្រោងវិនិយោគសាងសង់បណ្តាញ បញ្ជូន២៣០គីឡូវ៉ុល ភ្នំពេញ ព្រះសីហនុ ក៏ត្រូវកែសម្រួលឲ្យទៅជាខ្សែ បណ្តាញបញ្ជូន ៥០០ គីឡូវ៉ុលវិញដែរ៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment