Menu

    ទំព័រ​ដើម កំណត់​ហេតុ រូប​ថត ចំរៀង រឿង​ភាគ ចុះ​ផ្សាយ​វីដេអូ អំពីខ្ញុំ ទំនាក់ទំនង

មុខរបរ​ដាក់​អំពូល​ភ្លើង​ចាប់យក​ចង្រិត កំពុង​តែមាន​កំណើន​ដោយសារទទួលបាន​កាក់កប​



បាត់ដំបង ៖ បច្ចុប្បន្ន​គេ​ស​ង្កេត​ឃើញថា មាន​ប្រជាកសិករ​ជាច្រើន ដែល​រស់​នៅតាមទីជនបទ ​ក្រោយពី​ទំនេរ​ដៃ​ក្នុងការ​ប្រមូល​ផល​ស្រូវ​រួចមក ក៏បាន​នាំគ្នា​ប្រកបមុខរបរ​ថ្មី​មួយទៀត​ គឺ​ដាក់​អំពូល​ភ្លើង​ដើម្បី​ចាប់យក​ចង្រិត ឬ​កូន​សត្វ​ដទៃទៀត​ ដែល​រស់នៅ​តាម​វាលស្រែ និង​ក្នុង​ទឹក​បឹង ។​

​លោក​អុំ វ៉ាន់ សារ៉េត អាយុ​៦៣​ឆ្នាំ រស់នៅ​ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ បាន​រៀបរាប់ថា ក្រោយពីសម្រាកពី​កិច្ចការងារ​ស្រែចម្ការ​រួចមក លោក​អុំ​ជាមួយនឹង​កូនប្រុស​បាន​ឆ្លៀត​ពេលទំនេរ​ដើរ​ពង្រាយ​ខ្សែភ្លើង ដើម្បី​ដាក់​អំពូល​ភ្លើង​ព៌​ណ​ស្វាយ​នៅតាម​វាលស្រែ​​ចាប់យក​ពពួក​ចង្រិត កន្ទាទូក និង កន្តេះឡង់​ជាដើម ។​ល​។ គ្រាន់​បាន​ជួយ​សម្រាល​ដល់​ជីវ​ភាព​ប្រចាំថ្ងៃ​បាន​មួយកម្រិត ។​

លោក​អុំ​បាន​បន្តថា ទោះបីជា​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ទឹក​នៅតាម​វាលស្រែ​ក៏ដោយ​ ក៏ពពួកសត្វ​ទាំងនេះ​វា​នៅតែមាន​ជា​ហូហែរ ដោយសារតែ​វា​បាន​ហោះហើរ​មកពី​ទី​ឆ្ងាយៗ​សំដៅ​មកកាន់​ទីកន្លែង​ដែល​យើង​ចង់បាន​វា ព្រោះតែ​ពន្លឺភ្លើង​ដែលមាន​ព៌​ណ​ស្វាយ​នេះ​អាច​ទាក់ទាញ​ពួកវា​ឲ្យ​ហោះ​មករ​កដោយ​មិនអាច​ប្រកែក​បាន ។​

​ដោយសារតែ​មុខរបរ​នេះ​មាន​អ្នករក​ច្រើន ដូច្នេះហើយ​បានជា​តម្លៃ​ចង្រិត​មិនសូវ​បាន​ថ្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​គ្រាន់បើ​ជាង​ទុក​ពេលវេលា​ឲ្យនៅ​ទំនេរ​ចោល​ឥតប្រយោជន៍ ទោះជា​ការលក់​ចេញទៅ​ឲ្យ​ម៉ូយ​បានតែ​តម្លៃ​៥​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ក៏ដោយ ។​

​លោក​អុំ​ក៏បាន​ក្រើនរំលឹក​ផងដែរ​អំពី​ការទិញ​យកទៅ​បរិភោគ ព្រោះ​មួយរយៈ​ពេលមុន មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ប្រើប្រាស់​សាប៊ូ​ដាក់ចូល​ទៅក្នុង​ទឹក​ ដែល​ដាក់​ត្រង​ពីក្រោម​អំពូល​ភ្លើងដើម្បីឲ្យកូន​សត្វ​ទាំងនេះ​ធ្លាក់ចូល​ ហើយ​មិនអាច​ហោះហើរ​ទៅវិញ​បាន​ ព្រោះ​វា​មាន​សភាព​ពុល​នឹង​ជាតិ​សាប៊ូ ដូច្នេះ​បានជា​នៅពេលដែល​យើង​យក​វា​ទៅ​ចម្អិន​ដើម្បី​ទទួលទាន គឺ​ត្រូវ​លាង​សម្អាតឲ្យបាន​ច្រើនសា​ ប៉ុន្តែ​ពេលនេះ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ព្រមទាំង​បាន​កាត់បន្ថយ​នូវ​ការប្រើប្រាស់​សាប៊ូ​បែបនេះ ព្រោះ​វា​អាចធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​ទិញ​យកទៅ​បរិភោគ៕ ​



កម្ពុជា​ថ្មី
សោ និយម​រ័ត្ន

No comments: