![]() |
| លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី |
បន្ទាប់ពីលោក ហ៊ុន សែន ព្រមានរឹបអូសទ្រព្យសម្បត្តិរបស់មេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់បណ្តឹងទារសំណង១លានដុល្លារនោះ លោក សម រង្ស៊ី បានឆ្លើយតបថាបក្សកាន់អំណាចកំពុងតែភ័យពីការចាញ់ឆ្នោតនៅពេលខាងមុខ។
នៅប៉ុន្មានម៉ោងក្រោយពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេស បានសរសេរលើហ្វេសប៊ុកលោកថា៖ «ការគំរាមកំហែងទាំងនេះ បង្ហាញពីភាពស្លន់ស្លោរបស់លោក ហ៊ុន សែន នៅពេលដែលការបោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតរដ្ឋសភា ក្នុងខែកក្កដា ឆ្នាំ២០១៨ កាន់តែឈានចូលមកជិត»។
លោក សម រង្ស៊ី បន្តថា លោក ហ៊ុន សែន បានយល់ច្បាស់ថា បក្សកាន់អំណាច «មិនអាចរារាំងឆន្ទៈប្រជារាស្ត្រខ្មែរ ដែលចង់ឲ្យមានការផ្លាស់ប្តូរ គាត់បែរជាមករករឿងកាន់តែសាហាវឡើង មកលើរូបខ្ញុំ ពីព្រោះខ្ញុំជានិមិត្តរូបនៃការតស៊ូប្រឆាំងអំណាចផ្តាច់ការ និងពុករលួយ របស់គាត់ និងក្រុមគ្រួសារគាត់»។
បើតាមលោក សម រង្ស៊ី «ការគំរាមកំហែងរបស់លោក ហ៊ុន សែន នេះ មិនមានប្រសិទ្ធភាពទេ ហើយនឹងនាំមកនូវបរាជ័យកាន់តែឆាប់ឡើង ចំពោះគណបក្សកាន់អំណាចសព្វថ្ងៃ ដែលកំពុងតែជ្រួលច្របល់ពីការចាញ់ឆ្នោតខាងមុខ»។
កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា នឹងរឹបអូសទ្រព្យសម្បត្តិរបស់មេដឹកនាំគណបក្សប្រឆាំងរួមទាំងទីស្នាក់ការបក្សផង បន្ទាប់ពីលោកបានប្តឹងទាមទារសំណងជម្ងឺចិត្តពី លោក សម រង្ស៊ី ចំនួន១លានដុល្លារក្នុងសំណុំរឿងបរិហាកេរ្តិ៍។
កាលពីចុងឆ្នាំ២០១៦ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយដោយក្នុងការសន្ទនានោះ ភាគីទាំងពីរបានប្រើពាក្យថា “តានិងចៅ” ដែលបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។
កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែកាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងមេបក្សប្រឆាំងរូបនេះ ដោយទារជំងឺចិត្ត២៥ម៉ឺនដុល្លារ ទាក់ទងនឹងការលើកឡើងថា «លោក ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែកគណបក្សសង្រ្គោះជាតិ»៕
VOD
ដោយ លោក អុឹង ប៊ុនថន

No comments:
Post a Comment