
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអនុញ្ញាតឲ្យរដ្ឋមន្ត្រី ៣រូប គឺ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលបំភ្លឺក្នុងសភា នាពេលខាងមុខនេះទេ។
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានបញ្ជាក់មូលហេតុដែលសម្តេចមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីទាំងបី រូប ចូលបំភ្លឺសភា ពីព្រោះអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនបានចូលប្រជុំពេញអង្គក្នុងសភា កាលពីថ្ងៃទី៣០ មករាម្សិលមិញនេះ។
«ខ្ញុំមិនអនុញ្ញាតឲ្យទៅបំភ្លឺ នៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងមេច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន»។ សម្តេច ហ៊ុន សែន បញ្ជាក់ប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ កុម្ភៈនេះ តបនឹងប្រសាសន៍មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលបង្ហើបថា CNRP គ្រោងកោះហៅលោក ទៀ បាញ់,លោក វេង សាខុន និងលោក អ៊ិត សំហេង ចូលបំភ្លឺផ្ទាល់មាត់ ក្នុងសភា នាពេលខាងមុខ ។
ក្រៅពីការគ្រោងសួរបំភ្លឺ លោក សុន ឆ័យ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្នុងទីស្តីការគណបក្ស CNRP ម្សិលមិញថា ក្រុមការងារគណបក្សសង្គ្រោះជាតិ អាចចុះពិនិត្យតាមមូលដ្ឋានផងដែរ ដើម្បីប្រមូលបញ្ហាពលរដ្ឋរាយការណ៍ជូនរដ្ឋាភិបាលដោះស្រាយទៀតផង៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment